ចាប់ពីថ្ងៃព្រហស្បតិ៍ ១៤កើត ដល់ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ក្នុងនាមជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្ម និងការកត់ត្រាបញ្ជីស្នាម" ដល់កសិធុរកិច្ច កសិករពាណិជ្ជកម្ម និងតំណាងសហគមន៍កសិកម្ម, ក្រោមការដឹកនាំរបស់ លោក ណង សេរីវុធ ប្រធានស្តីទីនាយកដ្ឋានស្រាវជ្រាវនៃ ន.ប.ធ. និងជាប្រធានស្តីទីផ្នែកប្រតិបត្តិការនៃគម្រោង ACSEP-PIU1 តំណាងរបស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1 នៅសណ្ឋាគារកំពង់ធំរូយ៉ាល់ ខេត្តកំពង់ធំ និងសណ្ឋាគារអេមព្រីសអង្គររីសត & ស្ប៉ា ខេត្តសៀមរាប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីផ្សព្វផ្សាយអំពីសាវតារ បច្ចុប្បន្នភាព ព្រមទាំងគោលនយោបាយ ឥណទាន បែបបទ នីតិវិធីក្នុងការស្នើសុំឥណទាននៃគម្រោង ACSEP និងការអនុវត្តលើការបំពេញទម្រង់ខ្លះៗនៃការកត់ត្រាបញ្ជីស្នាម។ 
កម្មវិធីនេះមានការចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ សៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ, មន្ត្រី និងទីប្រឹក្សាគម្រោង ACSEP-PIU1, តំណាងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូគឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារស្ថាបនា (SPNB), ព្រមទាំងតំណាងសហគមន៍កសិកម្ម កសិធុរកិច្ច និងកសិករផលិតមកពីខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ សៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ។