ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទីប្រឹក្សាបច្ចេកទេសផ្នែកចិញ្ចឹមសត្វ និងទីប្រឹក្សាសម្របសម្រួលថ្នាក់ខេត្តនៃ AVCC សហការជាមួយមន្ត្រីគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ និងខេត្តសៀមរាប បានចុះពិនិត្យ និងវាយតម្លៃជ្រើសរើសកសិករចិញ្ចឹមមាន់ដែលមានសក្តានុពលទទួលបានមាន់មេបាពូជពីគម្រោង ១៤កន្លែង រួមមាន ចំនួន ០៧ កន្លែង ក្នុងខេត្តកំពង់ធំ និង០៧ កន្លែងទៀត ក្នុងខេត្តសៀមរាប។ បេសកកម្មនេះមានគោលដៅជ្រើសរើសកសិករគម្រូ ដើម្បីផ្តល់ជូនមេបាពូជមាន់ចំនួន ១១៥ ក្បាល សម្រាប់ដំណើរការផលិតកូនមាន់អាយុ ៣ សប្តាហ៍ ដើម្បីផ្គត់ផ្គង់បន្តដល់កសិករចិញ្ចឹមមាន់សាច់ក្នុងសហគមន៍។ ជាលទ្ធផល ក្រុមការងារជ្រើសរើសបាន កសិករជាប់លក្ខខណ្ឌតម្រូវសរុបចំនួន១២នាក់ រួមមាន៦នាក់ នៅខេត្តកំពង់ធំ និង ៦នាក់នៅខេត្តសៀមរាប ដើម្បីទទួលបានមាន់មេបាពូជពីគម្រោង។  ជំហានបន្ទាប់ ក្រុមការងារនឹងបន្តតាមដាន និងគាំទ្របច្ចេកទេសដើម្បីឱ្យពួកគាត់បំពេញលក្ខខណ្ឌខ្វះខាតឱ្យបានរួចរាល់ មុននឹងឈានដល់ការប្រគល់មេបាពូជមាន់ជាផ្លូវការ។