ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកសហគមន៍កសិកម្ម នៃសមាសភាគផ្នែកដំណាំ និងផ្នែកប្រព័ន្ធព័ត៌មានទីផ្សារ ផ្នែកគាំពារសុវត្ថិភាពបរិស្ថាន សង្គម និងយេនឌ័រ និងទីប្រឹក្សាគម្រោងផ្នែកផែនការធុរកិច្ច និងទីប្រឹក្សាសម្របសម្រួលថ្នាក់ខេត្ត សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានចុះពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងនៅតាមសហគមន៍កសិកម្មចំនួន៨រួមមាន៖
១.សហគមន៍កសិកម្មស្វាយចន្ទីភូមិថ្កូវ
២.សហគមន៍កសិកម្មឃុំអូរស្វាយ
៣.សហគមន៍កសិកម្មស្វាយចន្ទីឃុំបាក់អន្លង់
៤.សហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំទំនប់ដាច់
៥.សហគមន៍កសិកម្មគោកខ្ពស់សាមគ្គីតាក្របីរុងរឿង
៦.សហគមន៍កសិកម្មបេងសាមគ្គីអភិវឌ្ឍន៍
៧.សហគមន៍កសិកម្មប្រាសាទសឹង្គមានជ័យ
៨.សហគមន៍កសិកម្មសាមគ្គីតាហាំមានជ័យ
សកម្មភាពនេះមានថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ចូលរួមសរុបចំនួន ៩១នាក់ និងស្រ្តី ២៤នាក់
គោលបំណងនៃការចុះបំពេញការងារនេះ គឺដើម្បីជួបពិភាក្សាជាមួយគណៈកម្មការ និងសមាជិកសហគមន៍កសិកម្ម ព្រមទាំងផ្តល់ការណែនាំ និងតម្រង់ទិសផ្នែកបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង និងការអភិវឌ្ឍអាជីវកម្មរបស់សហគមន៍កសិកម្ម។
ប្រធានបទសំខាន់ៗដែលបានលើកយកមកពិភាក្សានិងណែនាំរួមមាន៖
- ការគ្រប់គ្រងស្ថាប័ននិងភាពជាអ្នកដឹកនាំ
- ការរៀបចំបញ្ជីឈ្មោះក្រុមផលិតលើមុខដំណាំនីមួយៗឱ្យបានច្បាស់លាស់
- ការរៀបចំផែនការនិងការគ្រប់គ្រងអាជីវកម្ម
- ការរៀបចំបញ្ជីស្នាម និងការគ្រប់គ្រងហិរញ្ញវត្ថុ
- ប្រព័ន្ធព័ត៌មានទីផ្សារការភ្ជាប់ទីផ្សារ និងការស្វែងរកដៃគូមុខជំនួញ
- ណែនាំអំពីការរៀបចំលិខិតភ្ជាប់បំណង(IBP)ជាមួយដៃគូបញ្ជាទិញកសិផលពីសហគមន៍កសិកម្មមុនឈានទៅដល់ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
- ការគាំពារសង្គមទៅលើការចិញ្ចឹមជីវិត ការប្រើប្រាស់ដីធ្លីនិងកម្មសិទ្ធ ការទទួលស្គាល់ភាសា វប្បធម៌ ទំនៀមទំលាប់ ប្រពៃណី និងជំនឿ យន្តការដោះស្រាយបណ្តឹងសារទុក្ខ អត្ថប្រយោជន៍នៃកម្ចីឥណទានរបស់គម្រោង បញ្ហាប្រឈម ការសម្រេចចិត្តក្នុងគ្រួសារ និងសហគមន៍ សិទ្ធិក្នុងការទទួលបានព័ត៌មាន។
សកម្មភាពបន្ទាប់៖
- គណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្មនីមួយៗ ត្រូវធ្វើបច្ចុប្បន្នភាព សមាជិក និងផ្ទៃដីផលិតកម្ម តាមមុខដំណាំ រួចផ្ញើជូន មន្ត្រីនៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
- ជម្រុញថ្នាក់ដឹកនាំសហគមន៍រៀបចំផែនការសកម្មភាពយេនឌ័រ ដែលពាក់ព័ន្ធនឹងការពង្រឹងនូវភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការលើកកម្ពស់យេនឌ័រ ការចូលរួមសម្រេចចិត្តរបស់ស្រ្តី និងការបញ្ជ្រាបយេនឌ័រនៅក្នុងសហគមន៍កសិកម្ម
- ទីប្រឹក្សាទទួលបន្ទុក ត្រូវសហការ និងតាមដាន ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះក្រុមផលិតខាងលើ និងផែនការអាជីវកម្ម។
សេចក្តីសន្និដ្ឋាននៃបេសកកម្ម
ការពង្រឹងសមត្ថភាពគណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្មលើការរៀបចំផែនអាជីវកម្ម និងការរៀបចំផែនផលិតឆ្លើយតបនឹងតម្រូវការទីផ្សារ គឺជាមូលដ្ឋានសំខាន់ក្នុងការធានាឱ្យសហគមន៍មានការគ្រប់គ្រងល្អ អាចបង្កើនផលិតភាព កែលម្អគុណភាពកសិផល ពង្រីកទីផ្សារ និងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកសហគមន៍ប្រកបដោយនិរន្តរភាព។