ចាប់ពីថ្ងៃពុធ ៣កើត ដល់ថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយផលិតផលឥណទានដល់កសិធុរកិច្ច សមាជិកសហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់” ក្រោមការដឹកនាំរបស់ លោក លឹម ឡែត ប្រធានស្តីទីនាយកដ្ឋានកិច្ចការទូទៅនៃ ន.ប.ធ. និងជាអនុប្រធានផ្នែកគណនេយ្យនិងហិរញ្ញវត្ថុនៃគម្រោង ACSEP-PIU1 តំណាងរបស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសាវតារ និងបច្ចុប្បន្នភាពនៃគម្រោង ACSEP ជាពិសេសគោលនយោបាយឥណទាន បែបបទ និងនីតិវិធីក្នុងការរៀបចំស្នើសុំឥណទាននៃគម្រោង ACSEP ដែលជាឥណទានមានលក្ខខណ្ឌអនុគ្រោះ និងគាំទ្រដល់សហគមន៍កសិកម្ម និងកសិធុរកិច្ច ដល់សមាជិកនៃសហគមន៍កសិកម្មចម្រុះស្ទឹងកាច់ជឿនលឿន សហគមន៍កសិកម្មអូររអិលមហាសាមគ្គី សហគមន៍កសិកម្មកសិកររុងរឿង សហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ និងសហគមន៍កសិកម្មរតនៈក្រចាប់មានជ័យ ដែលស្ថិតនៅស្រុកសាលាក្រៅ និងស្រុកប៉ៃលិន ខេត្តប៉ៃលិន ដែលមានបំណងស្វែងរកហិរញ្ញប្បទាន ដើម្បីគាំទ្រ និងពង្រីកអាជីវកម្មរបស់ខ្លួន។
សិក្ខាសាលានេះ មានការចូលរួមដោយ សមាជិកសហគមន៍កសិកម្ម និងកសិធុរកិច្ចខាងលើ, មន្ត្រី និងទីប្រឹក្សារបស់គម្រោង ACSEP-PIU1, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន, និងស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារស្ថាបនា (Sathapana Bank)។