នៅថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឆ្នាំ២០២៦ នៅទីរួមខេត្តកំពង់ចាម នាយកដ្ឋានកសិឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែក កសិឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី "កិច្ចសន្យាផលិតកម្មកសិកម្មសម្រាប់សហគ្រាសកសិកម្ម" ក្រោមអធិបតីភាពបណ្ឌិត ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិឧស្សាហកម្ម និងជាប្រធានសមាសភាគផ្នែកកសិឧស្សាហកម្ម ដោយមានការអញ្ជើញចូលរួមពីក្រុមការងារនៃសមាសភាគផ្នែកកសិឧស្សាហកម្ម ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ទីប្រឹក្សាផ្នែកអភិវឌ្ឍន៍កសិធុរកិច្ច និងកិច្ចសន្យា មន្រ្តីគម្រោងសម្របសម្រួលថ្នាក់ខេត្ត និងសហគ្រាសកសិកម្ម សរុបចំនួន ៤៦រូប (ស្រ្តី ៩រូប)។
សិក្ខាសាលាបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង៖
១). ណែនាំ និងតម្រង់ទិសដល់សហគ្រាសកសិកម្ម (PAEs) ក្នុងការកសាងភាពជាដៃគូអាជីវកម្មប្រកបដោយបរិយាបន្ន (IBPs) គោលការណ៍ណែនាំអំពីលិខិតបទដ្ឋានគតិយុត្តគាំទ្រការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម សិទ្ធិ និងកាតព្វកិច្ចរវាងភាគីអ្នកផលិត និងភាគីអ្នកទិញ ការកំណត់បរិមាណគុណភាព និងតម្លៃនៃកសិផល ក្រោមយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដល់សហគ្រាសកសិកម្មក្នុងគម្រោង ACSEP ។
២). ពង្រឹងការយល់ដឹងអំពីដំណើរការរៀបចំកិច្ចសន្យាផលិតកម្មកសិកម្ម ការចុះកិច្ចសន្យា នីតិវិធីនៃការស្នើសុំចុះបញ្ជីការ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងសហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម។
(៣). ផ្ដល់គោលការណ៍ណែនាំទាក់ទងនឹងយន្តការដោះស្រាយវិវាទដែលអាចកើតមានឡើងក្នុងពេលអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ក្នុងដំណើការនៃសិក្ខាសាលាបណ្តុះបណ្តាល ទីប្រឹក្សា AVCC និងក្រុមការងារបានបែងចែកកិច្ចពិភាក្សាទៅតាមផលិតកម្មនៅក្នុងគម្រោងរួមមាន ដំឡូងមី ស្វាយកែវរមៀត ស្វាយចន្ទី បន្លែ និងមាន់ លើលក្ខខណ្ឌគុណភាព លក្ខណៈបច្ចេកទេស ការកំណត់តម្លៃ វិធី ទូទាត់ប្រាក់ ដំណោះស្រាយក្នុងករណីមានហានិភ័យ និងប្រធាន សក្កិ ព្រមទាំងនីតិវិធីក្នុងការដោះស្រាយវិវាទក្នុងកំឡុងពេលអនុវត្តកិច្ចសន្យាដោយមានការចូលរួមពិភាក្សាពីសហគ្រាសកសិកម្ម និងផ្តល់មតិយោបល់លើការពិភាក្សាពីទីប្រឹក្សា AVCC ក្រុមការងារ DAI និងក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។