ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំសំណើអាជីវកម្មដល់កសិធុរកិច្ច តំណាងសហគមន៍កសិកម្ម និងកសិករផលិត” នៅសណ្ឋាគារ ក្លាស់ស៊ី & ស្ប៉ា ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ លោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការនៃ ន.ប.ធ. និងជាប្រធានផ្នែកប្រតិបត្តិការនៃគម្រោង ACSEP-PIU1 តំណាងរបស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមរបស់កសិធុរកិច្ច សហគមន៍កសិកម្ម និងកសិករផលិតក្នុងការរៀបចំសំណើអាជីវកម្ម និងគាំទ្រដល់ដំណើការសិក្សាវាយតម្លៃឥណទានរបស់ស្ថាប័នហិរញ្ញវត្ថុដៃគូកាន់តែមានប្រសិទ្ធភាពខ្ពស់។
វគ្គបណ្តុះបណ្តាលនេះមានការអញ្ញើញចូលរួមដោយមន្ត្រីបង្គោលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ ស្ថាប័នហិរញ្ញវត្ថុដៃគូគម្រោង (ARDB & SPNB) កសិធុរកិច្ច តំណាងសហគមន៍កសិកម្ម និងកសិករផលិតមកពីខេត្តគោលដៅ៥រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលមានសិក្ខាកាមចូលរួមសរុប ៧១រូប។