ចាប់ពីថ្ងៃ២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងក្រុមការងារ រួមសហការជាមួយមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ។ ក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានជួបប្រជុំពិភាក្សាជាមួយលោក គុយ ភក្តី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ទាក់ទងទៅនឹងគោលបំណងនៃការជ្រើសរើសកសិករដែលមានសក្តានុពល ដើម្បីសហការបង្កាត់ភ្ញាស់ពូជមាន់ស្រុក ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយបានបញ្ជាក់អំពីលក្ខខណ្ឌសមស្របសម្រាប់ជ្រើសរើស ព្រមទាំងបានចុះពិនិត្យ សិក្សា ដល់ទីតាំងកសិករចិញ្ចឹមមាន់ក្នុងស្រុក និងបានសម្ភាសជាមួយ កសិករចិញ្ចឹមមាន់ក្នុងស្រុក ចំនួន ០២ កន្លែង ដែលមានទីតាំងស្ថិតនៅជំរុំជនភៀសសឹក ភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីបានសម្ភាស និងចុះពិនិត្យ សិក្សាទីតាំងរបស់កសិករ សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ យល់ឃើញថាកសិករទាំង២ មិនទាន់មានលក្ខខណ្ឌសមស្រប ដែលនាំឱ្យសមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ មិនអាចជ្រើសរើសយកបានទេ។ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងក្រុមការងារ បានសន្យាថានឹងស្វែងរកកសិករដែលសមស្របនឹងលក្ខខណ្ឌនៃគម្រោងនៅទីតាំងផ្សេងនៃខេត្តបន្ទាយមានជ័យ រួចនឹងជូនដំណឹងមកក្រុមការងារនៃសមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វដើម្បីពិនិត្យ និងវាយតម្លៃបន្ត។